យុវជនកម្ពុជាជំនាន់ថ្មីក្នុងវិស័យនយោបាយ

ដោយ វង្ស សុជាតា

អត្ថបទនេះត្រូវបានចេញផ្សាយនៅក្នុងកាសែត  Phnom Penh Post  នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣

កាលពីថ្ងៃ សុក្រ ទី ១៩ ខែកក្កដា ឆ្នាំ២០១៣ អស់រយៈពេលជិតពីរម៉ោងនាពេលថ្ងៃត្រង់ ខ្ញុំបាន ឃើញដោយផ្ទាល់ភែ្នកនូវព្រឹត្តិការណ៍ដ៏ធំមួយជាលើកដំបូង គឺភាពសកម្មរបស់យុវជនខែ្មរ ក្នុងការចូលរួមក្នុងដំណើរការនយោបាយ។ មានប្រជាជនរាប់ម៉ឺននាក់ ដែលភាគច្រើនជា យុវជនប្រុស-ស្រី បានចូលរួមដងែ្ហការ វិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់មេដឹកនាំ គណបក្សប្រឆាំង លោក សម រង្ស៊ី ក្រោយពីលោកបាននិរទេសខ្លួនពីប្រទេសកម្ពុជា អស់រយៈពេល ជិតបួនឆ្នាំ ដោយសារហេតុផលដែលលោកនិយាយថាជារឿងនយោបាយ។

ក្បូនដងែ្ហអ្នកគាំទ្រលោក សម រង្ស៊ី បានឈរយ៉ាងកកកុញ ចាប់ពីព្រលានយន្តហោះ រហូតតាម ដងផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកាន់សួនប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលនោះ មិនមែនមានតែ ក្បួនយុវជនគាំទ្រគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នោះទេ ក្បួនយុវជនគាំទ្រគណបក្សប្រជាជន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មានវត្តមានដែរ ដែលបានធ្វើដំណើរ ពីទិសខាងត្បូងឆ្ពោះមកកាន់វត្តភ្នំ។ ខ្ញុំបានឃើញក្បួនដង្ហែយ៉ាងធំរបស់ យុវជនគាំទ្រគណបក្ស ប្រជាជន ជួបប្រទះគ្នាជាមួយក្បួនយ៉ាងធំរបស់យុវជនគណបក្សសង្គ្រោះជាតិ នៅម្តុំមន្ទីរពេទ្យ ព្រះអង្គឌួង ដែលមានការស្រែកហ៊ោ យ៉ាងខ្លាំងពីក្បួនទាំងពីរក្រុម។

ការស្រែកហ៊ោយ៉ាងខ្លាំងនោះបានធ្វើឲ្យប្រជាជនជាច្រើន ដែលឈរនៅទីនោះ រួមទាំងខ្ញុំផង មានការព្រួយបារម្ភយ៉ាងខ្លាំងថា អាចនឹងមានការប៉ះទង្គិចគ្នា។ ប៉ុន្តែជាកុសលល្អណាស់ ដែលពុំមានការប៉ះទង្គិចគ្នានោះទេ ហើយក្បួនរបស់គណបក្សប្រជាជនក៏បានបន្ត ធ្វើដំណើរឆ្ពោះទៅប៉ែកខាងលិចវត្តភ្នំ។ ហេតុការណ៍នេះ បានធ្វើឲ្យខ្ញុំមានក្តីរំភើប និងកោតសរសើរ ដល់យុវជនគាំទ្រគណបក្សទាំងពីរ។ ខ្ញុំសងេ្កតឃើញថាការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា លើកនេះគឺមានភាពខុសគ្នាពីការបោះឆ្នោតលើកមុនៗ ដោយសារថា មានយុវជនជាច្រើនបានចូលរួមក្នុងដំណើរការនយោបាយ តាមរយៈការគាំទ្រគណបក្ស ទាំងអស់ដែលនឹងប្រកួតនៅថៃ្ងទី២៨ ខែកក្កដា ខាងមុខនេះ។ ទោះជាមានការរាយការណ៍ថា មានអំពើហិង្សាមួយចំនួនតូចនៅក្នុងអំឡុងពេលឃោសនា បោះឆ្នោតក៏ដោយ ក៏ស្ថានភាពជាទូទៅមានលក្ខណៈល្អប្រសើរ។ មានការរាយការណ៍ថា មានការជួបប្រទះគ្នារវាងក្បួនយុវជនរបស់គណបក្ស ធំៗទាំងពីរនៅតាមខេត្ត ប៉ុន្តែពុំមាន ការប៉ះទង្គិចគ្នាជាលក្ខណៈហិង្សានោះទេ។ យុទ្ធនាការសន្តិភាពបែបនេះ កំពុងកើតមាននៅ ទូទាំងប្រទេស។ ការបោះឆ្នោតលើកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងបំផុតដែលមាន ការចូលរួមយ៉ាងច្រើនពីយុវជនកម្ពុជា។ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុនៗ ជាពិសេសកាល ពីការបោះឆ្នោត ឆ្នាំ២០០៨ យុវជនកម្ពុជាជាច្រើន មិនបានចាប់អារម្មណ៍នឹងនយោបាយ និងការបោះឆ្នោតនោះទេ។

លើកនេះមានយុវជនប្រុសស្រីជាច្រើន មានសេចក្តីក្លាហាន ក្នុងការបង្ហាញជាចំហពីការគាំទ្រ គណបក្សដែលពួកគេស្រឡាញ់។ ទោះជាមិនទាន់មានតួលេខ ពីចំនួនពិតប្រាកដរបស់យុវជន ដែលចូលរួមក្នុងការបោះឆ្នោតក៏ដោយក៏មានរបាយការណ៍ជាច្រើនបានបង្ហាញឲ្យឃើញពីយុវជននៅតាមខេត្ត-ក្រុង កំពុង ចូលរួមយ៉ាងសកម្ម។ មានខ្លឹមសារខ្លីៗដែលយុវជនរបស់គណបក្សធំៗបានផ្សព្វផ្សាយទូទាំងខេត្ត-ក្រុង។

ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៩,៥ លាននាក់ មានយុវជនដែលមានអាយុពី១៨ដល់ ៣០ ឆ្នាំមានចំនួន ៣,៥ លាននាក់ ដែលក្នុងនោះមាន ១,៥ លាននាក់ជាអ្នកបោះឆ្នោតលើកទី១។ នៅសល់រយៈពេលមិនដល់មួយសបា្តហ៍ទៀតទេ ដែលប្រទេសកម្ពុជាត្រៀមនឹងមានការ បោះឆ្នោតសភានីតិកាលទី៥។ ខ្ញុំពិតជាសង្ឈឹមថា យុវជនកម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវវប្បធម៌ អហិង្សានិងភាពអត់ធ្មត់ ទោះជាពួកគេគាំទ្រគណបក្សនយោបាយណាមួយក៏ដោយ។ ខ្ញុំសង្ឃឹមថា ភាពសកម្មរបស់យុវជនកម្ពុជា នឹងជំរុញលើកទឹកចិត្តដល់យុវជននៅកម្ពុជាទាំងអស់ដែលមាន ឈ្មោះបោះឆ្នោត នឹងសម្រេចចិត្តទៅបោះឆ្នោតនៅថៃ្ង ២៨ ខែកក្កដា ខាងមុខនេះ៕

វង្ស សុជាតា
និស្សិតសាកលវិទ្យាល័យកម្ពុជា

This entry was posted in Individual Opinions. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *